ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ ការធ្វើប្រព័ន្ធឌីជីថល ទាំងនៅក្នុងវិស័យ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋា ភិបាលឌីជីថល ខណៈកម្ពុជានឹងដាក់ចេញនយោបាយ សេដ្ឋកិច្ច-សង្គម ឌីជីថល នាពេលខាងមុខនេះ។

ក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ «កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញា ទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់លើផ្នែក សេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ មានប្រសាសន៍ថា «វិបត្តិកូវីដ ក៏បានរំលេចឲ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ឌីជីថល។ បច្ចេកវិទ្យាឌីជីថលបាននិងកំពុង ធ្វើតួនាទីយ៉ាងសំខាន់ ក្នុងការសម្របខ្លួនរបស់យើងទៅក្នុង បរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួល ប្រាស្រ័យទាក់ទងគ្នា ក្នុងតំបន់ និងសកល»។

សម្ដេចតេជោ បន្ដថា ការពន្លឿនតភ្ជាប់ឌីជីថលក្នុងតំបន់ និងការកែប្រែសង្គមសេដ្ឋកិច្ច ឲ្យទៅជាសង្គម សេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់។ សម្ដេចថា ប្រទេសចិន គឺជាប្រទេសមួយដឹកនាំការវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងសកលលោក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថល លូបនីយកម្ម ទាំងក្នុងវិស័យ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។កម្ពុជានិងដាក់ចេញ ក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ»។

ជាងនេះទៅទៀត សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញការអនុវត្តវិធានការ កែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ