ភ្នំពេញ ៖ សូមប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវវ័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចាញ់បោក នារីតាមអនឡាញ ដោយធ្វើការរួមភេទតាមប្រព័ន្ធអ៊ីធឺណែត ខណៈមានបុរសម្នាក់បានខលមកលោក ឌួង ដារ៉ា ឲ្យជួយដោះស្រាយបញ្ហា ចាញ់បោកនារីតាមអនឡាញ ដោយធ្វើការរួមភេទតាម wifi។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ឌួង ដារ៉ា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតតាមអនឡាញ!។

លោក ឌួង ដារ៉ា បានសរសេររៀបរាប់ថា មានប្អូនប្រុសម្នាក់ បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេង ភ័យៗ និយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថា ម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយទាំងយប់ ។ ខ្ញុំសួរថា ស្រី ឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។

លោកសរសេរ បន្ដថា ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូប និងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះ គឺទម្លាក់ថ្លៃនៅសល់ $200 ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។ 

ជាងនេះទៅទៀត លោក ឌួង ដារ៉ា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវវ័យប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះ ជាវិធីរកលុយរបស់ពួកគេ ដែលធ្វើអោយប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។

លោកបន្ថែមថា តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!។

សូមរំលឹកថា នាពេលកន្លង នាយកដ្ឋានព័ត៌មានព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចុប្បន្នសង្កេតឃើញ មានករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមាន ឡើងនៅកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួនដូចជា ៖ ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។

នាយកដ្ឋានព័ត៌មានព័ត៌មានវិទ្យា បន្ដថា ប្រសិនបើអ្នកជួបករណីនេះ សូមអញ្ជើញជួបជាមួយ មន្ត្រីជំនាញ ដើម្បីធ្វើការប្រឹក្សា ដាក់ពាក្យបណ្តឹង និងស្វែងរកជនល្មើស ,ការបង់ប្រាក់មិនមែន ជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់ ,ធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន, ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ,ប្រើប្រាស់ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់។

ជាងនេះទៅទៀត នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានឲ្យដឹងទៀតថា បទល្មើសលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់ (Sex Extortion - Sextortion)៖ ដើម្បីសម្រេចគោលបំណង ឧក្រិដ្ឋជនប្រើប្រាស់គ្រប់មធ្យោបាយដាក់ធ្នាក់ បោកប្រាស់មនោសញ្ចេតនាជនរងគ្រោះ ក្នុងគោលបំណងអូសទាញរួមភេទតាមរយៈអនឡាញ បន្ទាប់មកលួចថតរូបភាព ឬវីដេអូជនរងគ្រោះ និងគំរាមទារប្រាក់ (ការបង់ប្រាក់ច្រេីនដំណាក់កាល ឥតឈប់ឈរ)។

បទល្មើសប្រភេទនេះ កំពុងកើតមានឡើងជាច្រើនករណីនៅកម្ពុជា ក្នុងនោះជនរងគ្រោះភាគច្រើនជា ស្ត្រី (សិស្សសាលា ឬឈ្មួញរកស៊ី) និងចំនែកបុរសភាគច្រើនជាបុគ្គលិកក្រុមហ៊ុន ដែលធ្លាក់ក្នុង ការឆបោកពី សំណាក់ក្រុមឧក្រិដ្ឋជនក្រៅប្រទេស។ បើអ្នកក្លាយជាជនរងគ្រោះ នៃបទល្មើសប្រភេទនេះ សូមធ្វើការរាយការណ៍ដល់មន្ត្រីមានសមត្ថកិច្ច៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ